សូមអរគុណ!ចំពោះប្រិយមិត្តទាំងអស់បានចូលរួមទស្សនាក្នុង: Http://khmerbudvn.blogspot.com

Friday, December 25, 2009

សុទ្ធិកបាចិត្ដិយ ៩២

សុទ្ធកបាចិត្ដិយ ៩២ ចែកចេញជា៩វគ្គគឺ មុសាវាទវគ្គទ១, ភូតគាមវគ្គទ១,អោវាទវគ្គ១, ភោជនវគ្គ១ អចេលកវគ្គ១,សុរាបានវគ្គ១, សប្បាណកវគ្គ១, សហធម្មិកវគ្គ១, រតនវគ្គទី១។
មុសាវាទវគ្គទ១
១ - មុសាវាទ ភិក្ខុពោលពាក្យកុហកដោយមិនដឹងខ្លួន ត្រូវបាចិត្ដិយ។
២ - អោមសវាទ ភិក្ខុពោលពាក្យចាក់់ដោតភិក្ខុផងគ្នា ត្រូវបាចិត្ដិយ។
៣ - បេសុញ្ញ ភិក្ខុញុះញង់ភិក្ខុផងគ្នា ត្រូវបាចិត្ដិយ។
៤ - បទសាធម្ម ភិក្ខុបង្រៀនធម៌ជាបទចំពោះអនុបសម្បន្ន ត្រូវបាចិត្ដិយ។
៥ - បថមសហសេយ្យ ភិក្ខុដេកជាមួយគ្នានិងអនុបសម្បន្នអោយលើស ជាងពីរ រឺបីយប់ឡើងទៅ ត្រូវបាចិត្ដិយ។
៦ - ទុតិយសហសេយ្យ ភិក្ខុដេកជាមួយគ្នា និងមាតុគ្រាម ត្រូវបាចិត្ដិយ។
៧ - ធម្មទេសនា ភិក្ខុសំដែងធម៌ចំពោះមាតុគ្រាមអោយលើសជាង៦ មាត់ឡើងទៅ ត្រូវបាចិត្ដិយ។
៨ - ភូតារោចន ភិក្ខុប្រាប់អុត្ដរិមនុស្សធម្ម ដែលខ្លួនបានពិតមែនដល់អនុបសម្បន្ន ត្រូវបាចិត្ដិយ។
៩ - ទុដ្ឋុល្លារោចន ភិក្ខុប្រាប់ទុដ្ឋល្លាបត្ដិដល់អនុបសម្បន្ន ត្រូវបាចិត្ដិយវៀរលែងតែបាន សម្មតិពីសង្ឃ។
១០ - បថវីខណន ភិក្ខុជីកដោយខ្លួនអែងក្ដី ប្រើអ្នកដទៃអោយជីកក្ដីនូវផែនដី ត្រូវបាចិត្ដិយ។
ភូតគាម វគ្គទី២
១ - ភូតគាម ភិក្ខុធ្វើភូតគាមអោយវិនាស ត្រូវបាចិត្ដិយ។
២ - អញ្ញវាទក ភិក្ខុពោលពាក្យដ៏ទៃ រឺធ្វើអោយសង្ឃបានសេចក្ដីលំបាក ត្រូវបាចិត្ដិយ។
៣ - អុជ្ឈាបនក ភិក្ខុបង្គាប់ភិក្ខុអែទៀត អោយពោលទោសភិក្ខុផងគ្នា រឺតិះដៀលភិក្ខុផងគ្នាខ្លួនអែង ត្រូវបាចិត្ដិយ។
៤ - បថមសេនាសន ភិក្ខុយកគ្រែក្ដី តាំងក្ដី ពួកក្ដី កៅអីក្ដី ជារបស់សង្ឃ ទៅតាំងទុកនៅទីវាលហើយ កាលចៀស ចេញចាកទីនោះ មិនយកទៅទុកដាក់ដោយខ្លួនអែងក្ដី មិនប្រើអ្នកដទៃអោយយកទៅទុកដាក់ក្ដី ចៀសចេញទៅត្រូវចិត្ដិយ។
៥-ទុតិយសេនាសន ភិក្ខុយកកំរាលជារបស់សង្ឃមកក្រាលដេកក្នុងកុដិ ជារបស់សង្ឃ កាលនឹងចៀសចេញទៅចា
កទីនោះ មិនយកទៅទុកដាក់ដោយខ្លួនអែងក្ដី មិនប្រើអ្នកដទៃអោយយកទៅទុកដាក់ក្ដី ចៀសចេញទៅត្រូវបាចិត្ដិយ។
៦- អនុប្បខជ្ជ ភិក្ខុដឹងថាកុដិជារបស់សង្ឃ មានភិក្ខុចូលទៅនៅមុនហើយ ក្លែងយកកំរាលទៅក្រាលដេក ហើយបាន
អង្គុយ រឺដេកជ្រៀតបៀតក្នុងទីនោះ ដើម្បីនឹងអោយភិក្ខុដែលនៅមុននោះ មានសេចក្ដីចង្អៀតចង្អល់ទាស់ចិត្ដ ហើយនឹងចៀសចេញទៅត្រូវបាចិត្ដិយ។
៧-និក្កឌ្ឍន ភិក្ខុក្រោធខឹងនិងភិក្ខុផងគ្នា ហើយបណ្ដេញខ្លួនអែងក្ដី ប្រើគេអោយបណ្ដេញក្ដី អោយចេញចាកកុដិ
របស់សង្ឃ ត្រូវបាចិត្ដិយ។
៨-វេហាសកុដិ ភិក្ខុអង្គុយក្ដី ដេកក្ដី លើគ្រែរឺតាំងដែលមានជើងគេគ្រាន់ តែផ្គុំទុក នៅមិនទាន់បានបោះ គន្លាស់ រឺនៅមិនទាន់បានចងរូតរិតអោយណែន ដែលគេដាក់តំកល់នៅលើធ្នីរសំរាប់ទើរវត្ថុក្នុងកុដិ ត្រូវបាចិត្ដិយ។
៩-មហល្លក ភិក្ខុនឹងយកដី រឺកំបោរបូកកុដិ គប្បីបូកយ៉ាងច្រើនបំផុត ត្រឹមបីជាន់ បើបូកអោយលើសជាងបីជាន់ ឡើងទៅ ត្រូវបាចិត្ដិយ។
១០-សប្បណក ភិក្ខុដឹងថាទឹកមានសត្វរស់ ហើយយកទៅចាក់ស្រោច ខ្លួនអែង រឺប្រើគេអោយចាក់ស្រោចនូវស្មៅ រឺដី ត្រូវបាចិត្ដិយ។
ឱវាទ វគ្គទី៣
១ - ភិក្ខុនោវាទ ភិក្ខុដែលសង្ឃមិនបានសន្មត ហើយពោលប្រដៅភិក្ខុនី ត្រូវបាចិត្ដិយ។
២-អដ្ឋង្គត សូម្បីភិក្ខុដែលសង្ឃបានសន្មតហើយ កាលបើព្រះអាទិត្យអស្ដង្គតទៅហើយ ពោលពាក្យប្រដៅភិក្ខុនីត្រូវបាចិត្ដិយ។
៣ - ភិក្ខូនូបស្សយ ភិក្ខុចូលទៅប្រដៅភិក្ខុនីដល់ទីលំនៅ ត្រូវបាចិត្ដិយ វៀរលែងតែភិក្ខុនីដែលមានជំងឺ។
៤ - អាមិស ភិក្ខុតិះដៀលភិក្ខុអែទៀតថា ភិក្ខុទាំងឡាយប្រដៅភិក្ខុនីព្រោះហេតុតែអាមិស ត្រូវបាចិត្ដិយ។
៥ - ចីវរទាន ភិក្ខុអោយចីវរដល់ភិក្ខុនី ដែលមិនមែនជាញាតិ ត្រូវបាចិត្ដិយ វៀរលែងតែប្ដូរគ្នា។
៦-ចីវរសិព្វន ភិក្ខុដេរដោយខ្លួនអែងក្ដី ប្រើអោយអ្នកអែទៀតដេរក្ដី នូវចីវររបស់ភិក្ខុនីដែលមិនមែនជាញាតិត្រូវបាចិត្ដិយ។
៧-សំវិធាន ភិក្ខុបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា សូម្បីតែចន្លោះស្រុកមួយ ក៏ត្រូវបាចិត្ដិយ វៀរលែងតែផ្លូវដែលមានរង្កៀស មានភ័យផ្សេងៗ។
៨-នាវាភិរូហណ ភិក្ខុបបួលភិក្ខុនីជិះទូកមួយជាមួយគ្នាទៅច្រាសទឹកក្ដី បណ្ដោយទឹកក្ដី ត្រូវបាចិត្ដិយ វៀរលែងតែជិះឆ្លងទទឹង។
៩-បរិបាចន ភិក្ខុដឹងហើយ ឆាន់ចង្ហាន់បិណ្ឌបាតដែលភិក្ខុចាត់ចែង ត្រូវបាចិត្ដិយ វៀរលែងតែចង្ហាន់ដែលគ្រហស្ថគេផ្ដើមឡើងជាមុន។
១០ - រហោនិសជ្ជ ភិក្ខុអង្គុយរឺដេក ក្នុងទីកំបាំងតែពីរនាក់នឹងនាងភិក្ខុនីត្រូវបាចិត្ដិយ។
ភោជន វគ្គទី៤
១-អាវសថបិណ្ឌ ភិក្ខុមិនមានជំងឺ ត្រូវឆាន់អាវសថបិណ្ឌបាត (ភោជនាហារជាទាន ដែលគេចាត់ចែងក្នុងរោង មិនចំពោះបុគ្គណាៗ គេអោយជាទានត្រឹម តែមួយឆ្អែតម្នាក់ៗ)បានតែម្ដង បើឆាន់អោយលើសកំណត់នេះទៅត្រូវបាចិត្ដិយ។
២-គណភោជន ភិក្ខុត្រូវបាចិត្ដិយ ព្រោះទទួលគណភោជនព្រមគ្នា វៀរលែងតែមានសម័យ គឺសម័យដែលមានជំងឺ១ សម័យដែលគេអោយចីវរ១ សម័យដែលគេធ្វើចីវរ១ សម័យដែលដើរផ្លូវឆ្ងាយ១ សម័យដែលឡើងជិះទូក១ សម័យដែលមានភិក្ខុច្រើនរូប១ សម័យនៃសមណភត្ដ១។
៣-បរម្បរភោជន ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ ព្រោះឆាន់បរម្បរភោជន វៀរលែងតែមានសម័យ គឺសម័យដែលមានជំងឺ១ សម័យដែលគេអោយចីវរ១ សម័យដែលធ្វើចីវរ១។
៤-កាណមាតា បើទាយកបវរណាភិក្ខុ ដែលចូលទៅកាន់ត្រកូលដោយនំក្ដី ដោយសតូវក្ដី ដើម្បីអោយនាំទៅបានតាមប្រាថ្នា ភិក្ខុមានសេចក្ដីត្រូវការ ត្រូវទទួលត្រឹមពេញពីរបីបាត្របាន បើទទួលអោយលើលពីកំណត់នេះទៅត្រូវបាចិត្ដិយ នំ រឺសតូវដែលបានច្រើនមកនោះ ត្រូវរំលែកចែកអោយភិក្ខុអែទៀតឆាន់ផងទើបគួរ។
៥-បថមប្បវារណា ភិក្ខុឆាន់ហើយបានហាមហើយ ទំពាស៊ីក្ដី បរិភោគក្ដី នូវខាទនីយាហារ រឺភោជនីយាហារ ដែលជាអនតិរិត្ដៈត្រូវបាចិត្ដិយ។
៦-ទុតិយប្បវារណា ភិក្ខុមួយនាំភត្ដទៅបវារណា បង្ខំភិក្ខុដែលឆាន់ហើយ ហាមភោជនហើយ ដោយខាទនីយាហាររឺភោជនាហារដែលជាអនតិរិត្ដៈនោះ ភិក្ខុនោះត្រូវបាចិត្ដិយ។
៧ - វិកាលភោជន ភិក្ខុឆាន់ភោជន រឺខាទយាហារក្នុងវេលាវិកាល ត្រូវបាចិត្ដិយ។
៨ -សន្និធិការក ភិក្ខុឆាន់ភោជន រឺខាទយាហារ ដែលខ្លួនទុកដាក់អោយកន្លងរាត្រី ត្រូវបាចិត្ដិយ។
៩ - បណីតភោជន ភិក្ខុមិនមានជំងឺ សូមបណីតភោជន៩យ៉ាងគឺ៖ ទឹកដោះគោរាវ១, ទឹកដោះខាប់១, ប្រេង១, ទឹកឃ្មុំ១, ស្ករអំពៅ១, ត្រី១, សាច់១, ទឹកដោះស្រស់១, ទឹកដោះជូរ១ វត្ថុណាមួយអំពីគ្រហស្ថដើម្បីប្រយោជន៍ដល់ខ្លួនហើយឆាន់ ត្រូវបាចិត្ដិយ។
១០ - ទន្ដបោណ ភិក្ខុឆាន់អាហារ ដែលមិនបានទទួលប្រគេន ត្រូវបាចិត្ដិ យវៀរលែងតែទឹកសុទ្ធ និង ឈើសូន។
អចេលកវគ្គទី៥
១-អចេលក ភិក្ខុអោយខាទនីយាហារ រឺភោជនីយាហារ ដល់អចេលកក្ដី បរិញ្វដកក្ដី បរិញ្វដកក្ដី ដោយដៃរបស់ខ្លួនត្រូវបាចិត្ដិយ។
២-អុយ្យោជន ភិក្ខុបបូលភិក្ខុដទៃទៅបិណ្ឌបាតជាមួយគ្នា គិតនឹងប្រព្រិត្ដ អានាចារ្យ ហើយបណ្ដេញភិក្ខុនោះអោយត្រលប់មកវិញ ត្រូវបាចិត្ដិយ។
៣ - សភោជន ភិក្ខុរុករានចូលទៅអង្គុយក្នុងត្រកូលដែលមានជនតែពីនាក់ គឺប្ដីនិងប្រពន្ធ ត្រូវបាចិត្ដិយ។
៤ - រហោបដិច្ចន្ម ភិក្ខុសំរេចការអង្គុយលើអាសនៈ ជាទីស្ងាត់កំបាំងជាមួយនឹងមាតុគ្រាម ត្រូវបាចិត្ដិយ។
៥-រហោនិសជ្ជ ភិក្ខុសំរេចការអង្គុយក្នុងទីស្ងាត់ជាមួយ និងមាតុគ្រាមតែ ម្នាក់អែងនិងម្នាក់ ត្រូវបាចិត្ដិយ។
៦ -ចរិត្ដ ភិក្ខុបានទទួលនិមន្ដន៍គេហើយ ឈ្មោះថាជាអ្នកមានភត្ដហើយ មិនបានលា រឺប្រាប់ភិក្ខុផងគ្នា ដែលមាននៅហើយត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនភត្ដក្ដី ក្រោយភត្ដក្ដី ត្រូវបាចិត្ដិយ វៀរលែងតែមានសម័យគឺសម័យដែលគេអោយចីវរ១ សម័យដែលធ្វើចីវរ១។
៧-មហានាម បើបវរណាដោយបច្ច័យ៤ កំណត់ត្រឹម៤ខែ ភិក្ខុគប្បីសូមគេបានត្រឹមតែកំណត់នោះប៉ុណ្ណោះ បើសូមអោយលើសកំណត់នោះទៅ ត្រូវបាចិត្ដិយ វៀរលែងតែគេបវរណាថែមទៀត រឺគេបវរណាជានិច្ច។
៨ - អុយ្យុត្ដ ភិក្ខុទៅដើម្បីមើលកងទ័ពដែលគេលើកចេញទៅ ត្រូវបាចិត្ដិយ។ វៀរលែងតែមានហេតុ
៩ -សេនាវាស បើភិក្ខុនោះ មានហេតុអ្វីមួយដែលគួរនឹងទៅ គប្បីនៅក្នុងកងទ័ពបានពីរ រឺបីរាត្រី បើនៅអោយលើសកំណត់នេះទៅ ត្រូវបាចិត្ដិយ។
១០-អុយ្យោធិក កាលបើភិក្ខុនៅក្នុងកងទ័ព តាមកំណត់នោះ ទៅកាន់ទី ដែលគេច្បាំងគ្នាក្ដី ទីដែលគេត្រួតពលក្ដីទីដែលគេចាត់ក្បួនទ័ពក្ដី មើលពួកសេនាដែលគេរៀបក្បួនទ័ពហើយក្ដី ត្រូវបាចិត្ដិយ។
សុរាបានវគ្គទី៦
១ - សុរាបាន ភិក្ខុផឹកសុរា និងមេរ័យ ត្រូវបាចិត្ដិយ។
២ - អង្គុលិប្បតោទក ភិក្ខុចាក់ក្រឡេកប្រឡែងគ្នា ដោយជន្លូញគឺម្រាមដៃ ត្រូវបាចិត្ដិយ។
៣ - ហាសធម្ម ភិក្ខុលេងទឹក ត្រូវបាចិត្ដិយ។
៤ - អនាទរិយ ភិក្ខុសំដែងសេចក្ដីមិនអើពើ ត្រូវបាចិត្ដិយ។
៥ - ភិសាបន ភិក្ខុពញ្ញាក់ រឺបន្លាចភិក្ខុផងគ្នា ត្រូវបាចិត្ដិយ។
៦ - ជោតិសមាទហន ភិក្ខុមិនមែនជំងឺ បង្កាត់ភ្លើងខ្លួនអែងក្ដី ប្រើអ្នកដទៃអោយបង្កាត់ក្ដី ដើម្បីនឹងអាំង ត្រូវបាចិត្ដិយវៀរលែងតែមានហេតុ។
៧-នហាន ភិក្ខុ (នៅក្នុងមជ្ឈឹមប្រទេស) បើមិនទាន់ដល់កន្លះខែហើយ ងូតទឹក ត្រូវបាចិត្ដិយវៀរលែងតែមានសម័យ។
៨-ទុព្វណ្ណករណ ភិក្ខុបានចីវរថ្មីមកហើយ បើត្រូវការប្រើប្រាស់ គប្បីធ្វើពិន្ទុ ដោយពណ៌បីយ៉ាងគឺ ពណ៌ខៀវ១ ពណ៌ភក់១ ពណ៌ខ្មៅជាំ១ ពណ៌ណានិមួយសិន បើមិនធ្វើពិន្ទហើយប្រើប្រាស់ ត្រូវបាចិត្ដិយ។
៩ - វិកប្បន ភិក្ខុបានវិកប្បចីវរដោយខ្លួនអែងចំពោះភិក្ខុក្ដី ភិក្ខុនីក្ដី សិក្ខមានក្ដី សាមណេរក្ដី សាមណេរីក្ដី អ្នកទទួលវិកប្បមិនបានដកវិកប្បអោយសិន ស្រាប់ តែយកចីវរនោះមកប្រើប្រាស់ ត្រូវបាចិត្ដិយ។
១០ - អបនិធាន ភិក្ខុលាក់ខ្លួនអែង រឺប្រើគេអោយលាក់ នូវបរិក្ខារ គឺបាតក្ដី ចីវរក្ដី និសីទនៈក្ដី បំពង់ម្ជុលក្ដី វត្ដពន្ធក្ដីរបស់ភិក្ខុផងគ្នា ដោយមានបំណង នឹង សើចលេង ត្រូវបាចិត្ដិយ។
សប្បាណកវគ្គទី៧
១ -សញ្ចិច្ចបាណ ភិក្ខុក្លែងសំលាប់សត្វមានជីវិត ត្រូវបាចិត្ដិយ។
២ -សប្បាណក ភិក្ខុកាលដឹងថា ទឹកមានសត្វរស់ហើយប្រើប្រាស់ទឹកនោះ ត្រូវបាចិត្ដិយ។
៣ - អក្ដោដន ភិក្ខុកាលដឹងថា អធិករណ៍ដែលសង្ឃបានរំងាប់ដោយត្រឹមត្រូវតាមធម៌ហើយ ត្រលប់សើរើជាថ្មីវិញត្រូវបាចិត្ដិយ។
៤ - ទុដ្ឋុល្លប្បដិច្ឆានទ ភិក្ខុកាលដឹងហើយបិទបាំងទុកនូវ ទុដ្ឋុល្លាបត្ដិ របស់ ភិក្ខុផងគ្នា ត្រូវបាចិត្ដិយ។
៥-អុនវីសភិវស្ស ភិក្ខុកាលដឹងហើយ អោយសម្បទាដល់បុគ្គលដែល មានអាយុមិនទាន់គ្រប់២០ឆ្នាំ ត្រូវបាចិត្ដិយ។
៦-ថេយ្យសត្ថ ភិក្ខុកាលដឹងហើយ បបួលពួកឈ្មួញជាចោរ ដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ដោយហោចសូម្បីទៅសូម្បីតែចន្លោះស្រុកមួយ ត្រូវបាចិត្ដិយ។
៧ - សំវិធាន ភិក្ខុបបួលមាតុគ្រាមដើរទៅផ្លូវឆ្ងាយជាមួយគ្នា ដោយហោចទៅ សូម្បីតែចន្លោះស្រុកមួយ ត្រូវបាចិត្ដិយ។
៨-អរិដ្ឋ ភិក្ខុប្រកាន់ទិដ្ឋិបាបខុសធម៌វិន័យ ភិក្ខុអែទៀតហាមប្រាមមិនស្ដាប់ សង្ឃបានសូត្រសមនុភាសនកម្មចប់អនុស្សាវនាជាគំរប់៣ហើយ នៅតែមិនលះបង់ ត្រូវបាចិត្ដិយ។
៩-អុក្ខិត្ដសម្ភោគ ភិក្ខុដឹងថាភិក្ខុនោះមិនទាន់លះបង់ទិដ្ឋិបាប ហើយបរិភោគរួមគ្នាក្ដី នៅរួមគ្នាក្ដី ត្រូវបាចិត្ដិយ។
១០-កណ្ឌកភិក្ខុដឹងថា សាមណេរដែលភិក្ខុ អែទៀតអោយវិនាស ហើយ ព្រោះទោសដែលឃើញខុសចាកធម៌វិន័យហើយប្រលោមសាមណេរនោះអោយមកបំរើខ្លួនក្ដី រួមបរិភោគក្ដី សំរេចការដេកជាមួយគ្នាក្ដីត្រូវបាចិត្ដិយ។
សហធម្មិកវគ្គទី៨
១-សហធម្មិក ភិក្ខុប្រព្រឹត្ដអាណាចារ ភិក្ខុអែទៀតដាស់តឿន ក៏និយាយប្រកែកថា ខ្ញុំករុណាមិនទាន់សិក្សាសិក្ខាបទ
នេះទេ ចាំសាកសួរលោកអ្នកចេះដឹង អ្នកទ្រទ្រង់វិន័យសិន ពោលពាក្យដូច្នេះ ត្រូវបាចិត្ដិយ។
២-វិលេខន ភិក្ខុដទៃកំពុងសំដែងបាតិមោក្ខ ភិក្ខុនិយាយយ៉ាងនេះថា ប្រយោជន៍អ្វីដោយសិក្ខាបទតូចតាច ដែលសំ
ដែងហើយទាំងនេះ សិក្ខាបទទាំងនេះប្រព្រឹត្ដទៅគ្រាន់តែដើម្បីសេចក្ដីក្ដៅក្រហាយចិត្ដ សេចក្ដីលំបាកចិត្ដ និងសេចក្ដីរសេមរសាមចិត្ដប៉ុណ្ណោះអែង ត្រូវបាចិត្ដិយ។
៣-មោហន ភិក្ខុណាមួយ កាលបើភិក្ខុអែទៀតកំពុងសំដែងបាតិមោក្ខ ពោលយ៉ាងនេះថា ខ្ញុំទើបតែដឹងអំបាញ់មិញនេះអែងថា សេចក្ដីនេះមានក្នុងបាតិមោក្ខ បើភិក្ខុអែទៀតដឹងថា ភិក្ខុនោះធ្លាប់ដឹងមកពីមុនហើយតែពោលដូ
ច្នោះ គឺក្លែងពើធ្វើមិនដឹងទៅទេ សង្ឃគប្បីសូត្រប្រកាស មោហោរោបនកម្ម កាលបើសង្ឃ សូត្រកម្មនោះចប់ហើយ នៅតែក្លែងពើដូច្នោះទៀត ត្រូវបាចិត្ដិយ។
៤ - បហារទាន ភិក្ខុក្រោធខឹងហើយប្រហារភិក្ខុផងគ្នា ត្រូវបាចិត្ដិយ។
៥ -តលសត្ដិក ភិក្ខុក្រោធខឹងហើយងារឡើងនូវលំពែងគឺបាតដៃ សំដៅភិក្ខុផងគ្នា ត្រូវបាចិត្ដិយ។
៦ - អមូលក ភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្ដិសង្ឃាទិសេសមិនមានមូល ត្រូវបាចិត្ដិយ។
៧-សញ្ចិច្ច ភិក្ខុក្លែងបង្ករហេតុអោយមានសេចក្ដីរង្កៀសសង្ស័យដល់ភិក្ខុផងគ្នា សូម្បីមួយស្របក់ ត្រូវបាចិត្ដិយ។
៨-អុបស្សុតិ កាលបើភិក្ខុទាំងឡាយកំពុងវិវាទទាស់ទែងគ្នា ភិក្ខុទៅលបចាំស្ដាប់ដោយគិតថា គេនិយាយពាក្យណាអញនឹងស្ដាប់ពាក្យនោះ ហើយមានបំណងនឹងចោទផង ត្រូវបាចិត្ដិយ។
៩-កម្មប្បដិពាហន ភិក្ខុបានអោយឆន្ទៈដើម្បីកម្មទាំងឡាយដែលប្រកប ដោយធម៌ហើយ ដល់មកខាងក្រោយត្រលប់តិះដៀលវិញត្រូវបាចិត្ដិយ។
១០-បក្កមន កាលបើសង្ឃកំពុងប្រជុំគ្នា វិនិច្ឆ័យអធិករណ៍ ភិក្ខុមិនអោយឆន្ទៈហើយ ក្រោកចាកអាសនៈចៀសចេញទៅ ត្រូវបាចិត្ដិយ។
១១-ខីយធម្ម ភិក្ខុព្រមព្រៀងជាមួយនិងសង្ឃ បានអោយចីវរដល់ភិក្ខុរូប ណាមួយហើយ លុះមកខាងក្រោយត្រលប់តិះដៀលថា ការអោយនោះគឺដោយយល់មុខ ត្រូវបាចិត្ដិយ។
១២-បរិណាមន ភិក្ខុដឹងហើយ បង្អោនលាភដែលគេបំរុងនឹងប្រគេនសង្ឃ ត្រលប់មកដើម្បីបុគ្គលវិញត្រូវបាចិត្ដិយ។
រតនវគ្គទី៩
១-អង្ដេនបុរ ភិក្ខុមិនបានទទួលព្រះរាជនុញ្ញាតិជាមុនហើយ ចូលទៅក្នុងល្វែងក្រឡាព្រះបន្ទំ ដែលព្រះមហាក្សត្រមុទ្ធាពិសិត្ដរាជកំពុងគង់ជាមួយព្រះមហេសី ត្រូវបាចិត្ដិយ។
២ - រតន ភិក្ខុរើសខ្លួនអែង រឺប្រើគេអោយរើស នូវរតនក្ដី នូវវត្ថុដែលគេ សន្មតជារតនៈក្ដី ត្រូវបាចិត្ដិយ វៀរលែងតែក្នុងវត្ដ រឺក្នុងទីនៅអាស្រ័យដែលភិក្ខុត្រូវ តែរើសទុកអោយគេផង។
៣-វិកាលគាមប្បវេសន ភិក្ខុមិនបានលាភិក្ខុផងគ្នាដែលមាននៅ ហើយ ចូលទៅកាន់ស្រុកក្នុងវេលាវិកាលត្រូវបាចិត្ដិយ វៀរលែងតែមានកិច្ចប្រញឹកប្រញាប់។
៤-សូចិឃរ ភិក្ខុអោយគេធ្វើបំពង់ម្ជុល ជាវិការនៃឆ្អឹងក្ដី ជាវិការនៃភ្លុកក្ដី ជាវិការនៃស្នែងក្ដី ត្រូវភេទនកបាចិត្ដិយ។
៥ -មញ្ច ភិក្ខុអោយគេធ្វើគ្រែថ្មីក្ដី តាំងថ្មីក្ដី គប្បីធ្វើអោយមានជើងកំពល់ត្រឹម៨ធ្នាប់ ដោយធ្នាប់ព្រះសុគត បើធ្វើអោយលើសពីណត់នោះទៅ ត្រូវឆេទនកបាចិត្ដិយ។
៦ - តូលោនន្ធ ភិក្ខុអោយគេធ្វើគ្រែថ្មីក្ដី តាំងថ្មីក្ដី ញាត់ដោយគរ រឺសំលី ត្រូវអុទ្ទាឡនកបាចិត្ដិយ។
៧ - និសីទន ភិក្ខុអោយគេធ្វើសំពត់និសីទនៈ គប្បីអោយគេធ្វើអោយត្រូវ និងប្រមាណគឺ បណ្ដោយ ២ចំអាម ទទឹង១ចំអាមកន្លះដោយចំអាមព្រះសុគត បើធ្វើអោយកន្លងហួសពីនោះទៅ ត្រូវឆេទនកបាចិត្ដិយ។
៨ - កណ្ឌុប្បដិច្ឆាទិ ភិក្ខុអោយគេធ្វើសំពត់សំរាប់គ្របបូស រឺកម គប្បីអោយគេធ្វើអោយត្រូវនិងប្រមាណ គឺបណ្ដោយ៤ចំអាមទទឹង២ចំអាមដោយចំអាមព្រះសុគតបើធ្វើអោយកន្លងនោះទៅត្រូវឆេទនកបាចិត្ដិយ។
៩ - វស្សិកសាដិកា ភិក្ខុអោយគេធ្វើសំពត់ សំរាប់ងូតទឹកភ្លៀងគប្បីអោយគេធ្វើអោយត្រូវនិងប្រមាណ គឺបណ្ដោយ ៦ចំអាម ទទឹង ២ចំអាមកន្លះ ដោយចំអាមព្រះសុគត បើធ្វើអោយកន្លងហួសពីនោះទៅ ត្រូវឆេទនកបាចិត្ដិយ។
១០ - នន្ទ ភិក្ខុអោយគេធ្វើចីវរប៉ុនចីវរព្រះសុគត រឺធំជាង ត្រូវឆេទនកបាចិ ត្ដិយ អែចីវរព្រះសុគតនោះ គឺបណ្ដោយ៩ចំអាម ទទឹង ៦ចំអាម ដោយចំអាមព្រះសុគត។

0 nhận xét:

Post a Comment

 
Powered by Blogger